Sunday, September 13, 2015

អាករលើតម្លៃបន្ថែម

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។

ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លី និងប្រាក់កាស រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពី ទំនិញ ដីធ្លី និងប្រាក់កាស។

ការផ្គត់ផ្គង់ជាប់អាករសំដៅដល់៖
    • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
    • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
    • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
    • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ៖
    • សេវាប្រៃសណីយ៍សាធារណៈ
    • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
    • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
    • សេវាធានារ៉ាប់រង
    • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន

អត្រាអាករលើតម្លៃបន្ថែមមាន៖
    • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
    • ០% សម្រាប់ការនាំចេញ

ការគណនាប្រាក់អាករត្រូវបង់៖
    • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
    • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
    • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល

អាករលើធាតុចូលដែលមិនអាចកាត់កងបាន៖
អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើ៖
    • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
    • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
    • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ

អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។

No comments:

Post a Comment